«ម៉ាក់! ថ្ងៃហ្នឹង ១៤ កុម្ភៈ ខ្ញុំចង់នាំមិត្តភក្ដិមកធ្វើពិធីដោះដូរកាដូគ្នានៅផ្ទះយើង។» ខ្ញុំដកគន្លឹះបង្អួចរុញបើកឱ្យពន្លឺជះចូលបន្ដិចហើយនិយាយបន្ដ។
«មិនជាធំដុំអីទេ តែជាង១០នាក់អីទេម៉ាក់ ហើយប្រហែលជាមានការហូបចុកអីតិចតួចដែរ។» និយាយបណ្ដើរខ្ញុំឈ្ងោកក្បាលទៅកៀកកញ្ចក់ទូ ហើយញិចមុននៅកៀកនឹងស្លាបច្រមុះបណ្ដើរ។
«ធ្វើស្អីក៏ធ្វើទៅ កុំតែអាឡូអាឡាផ្អើលគេផ្អើលឯងទៅបានហើយ» បោសផ្ទះបណ្ដើរ ម៉ាក់និយាយបណ្ដើរ ធ្វើឫកធម្មតាព្រោះមិនមែនជាលើកទីមួយឯណាដែលខ្ញុំនាំមិត្តភក្ដិមកផឹកស៊ីនៅផ្ទះ ហើយក៏មិនដែលមានរឿងរ៉ាវមិនល្អអីកើតឡើងដែរ។ ម៉ាក់ក៏ដឹងថាមិត្តភក្ដិកូនពៅគាត់មិនមែនជាមនុស្សបាតផ្សារឯណា។
«កេះឱ្យរលួយឱ្យអស់ទៅមុខហ្នឹង» ម៉ាក់ស្រែកដាក់ខ្ញុំ។ ខ្ញុំទាញក្រដាសមកជូតឈាមប្រិចៗនៅនឹងមុខបណ្ដើរ និយាយបណ្ដើរទាំងស្ទាក់ស្ទើរ។
«តែ!…ខ្ញុំធ្វើកម្មវិធីសប្បាយៗបែបក្មេងៗ… ហើយ… ហើយពួកហ្នឹងវាមិនទម្លាប់ទេ បើមានចាស់ៗនៅក្បែរនោះ! ពួកវាថាផឹកមិនថ្នឹកមាត់ណាម៉ាក់»។
«ហើយវាយ៉ាងម៉េចហា៎? ផឹកស៊ីទាល់តែដេញម៉ាក់ចេញពីផ្ទះទើបផឹកកើតមែន?» ដៃម្ខាងច្រត់ ចង្កេះដៃម្ខាងកាន់អំបោស ខ្ញុំភ័យសន្ធឹកខ្លាចតែអំបោសម៉ាក់ហោះមកទេ។ ខ្ញុំងាកខ្លួនគេចទៅ ម្ខាងហើយផ្ទុះសំណើចកខឹក។
«ខ្ញុំមិនបានដេញទេម៉ាក់! តែបើម៉ាក់នៅក៏ទើសទាល់ដែរ… ដូចម៉ាក់ដឹងស្រាប់ហើយ ក្មេងៗឱ្យតែជួបជុំគ្នា វាចេះតែមានពាក្យបង្អាប់ ចំអូសចំអាស ញ៉េះញ៉ោះគ្នាពាក្យពេចន៍ខ្លះម៉ាក់មិនគួរឮទេ»។
«អឺ! ឱ្យអាមុំមកយកម៉ាក់ទៅផ្ទះវាមួយល្ងាចទៅអ៊ីចឹង! ហើយម៉ោងប៉ុន្មានបានផឹកស៊ីហើយ?»
«ម៉ោងប្រហែល ៧ ទៅ ៨អីចែកជើងគ្នាវិញហើយម៉ាក់ …ចាំខ្ញុំទៅយកម៉ាក់មកវិញ»
«មិនបាច់ទេ! ផឹកហើយ នាំគ្នាដេកទៅ» ម៉ាក់និយាយហើយចូលទៅក្នុងបន្ទប់ទឹកបាត់ ប្រហែលជាអន់ចិត្តមិនស្ទើរទេជាមួយសំណើរមួយនេះ តែខ្ញុំមិនខ្វល់ទេ មួយឆ្នាំមានតែម្ដង ខ្ញុំសប្បាយឱ្យអស់ដៃ។
បងមុំ បងស្រីខ្ញុំមកយកម៉ាក់ទៅបាត់ហើយ! បានឱកាសល្អ ខ្ញុំរៀបចំតុបតែងផ្ទះតាមតែចិត្តចង់។ ចងវាំងននកន្លែងនេះបន្ដិចកន្លែងនោះបន្ដិច ដាក់ប៉ោងប៉ោងចម្រុះពណ៌ ដាក់ផ្កា ចងអំពូលពណ៌ ដាក់តុកៅអីរៀបចំដូចគេធ្វើពិធីខួបកំណើត។ មិនដឹងថាប៉ុន្មាននាទីទេខ្ញុំមិនចាំ ប៉ុន្តែប្រហែលជាពីរបីហត់ប៉ុណ្ណោះ បន្ទប់ទទួលភ្ញៀវទាំងមូលក្លាយជាកន្លែងជប់លាងស្រេច។ ទឹកក្រូច ចំណីចំណុកផ្សេងៗខ្ញុំរៀបចំរួចត្រៀបត្រា។ នោះ! បង នីរ័ត្ននិងប្ដីគាត់ក៏មកចូលរួមដែរ។ ខ្ញុំស្រវារត់ទៅទទួល តែមិនទទួលពួកគាត់ទេ គឺទទួលម្ហូបម្ហាមួយ គូទឡានដែលខ្ញុំពឹងឱ្យគាត់ជួយរៀបចំតាំងពីមួយអាទិត្យមុនម្ល៉េះ។ មិត្តភក្ដិស្រីប្រុសរបស់ខ្ញុំមកបណ្ដើរៗ ហើយម្នាក់ៗសុទ្ធតែមានប្រអប់កាដូរៀងៗខ្លួន។ ខ្ញុំមើលទៅកាដូពួកវាទាំងហួសចិត្ត។
«មិនដឹងជានាំគ្នាស្ពាយកាដូមកសំពីងសំពោងអីម្ល៉េះទេ»។
«មិនបានយកឱ្យឯងទេ!» ក្ដឿន ឆ្លើយនឹងខ្ញុំ» ។
ហូបចុកមិនទាន់ចេញទៅនោមបានម្ដងផងស្រាប់តែម៉ោង ៨ ស្រេច ហើយស្នូរឡានបងមុំស្រាប់តែមកដល់ល្មម។ អុញ! តិចលោម៉ាក់ជេរផ្អើលទៅ ថ្នើរហ្នឹងហើយមិនទាន់បានចែកជើងគ្នាផង។ ខ្ញុំលើកដៃ បូញមាត់ជាសញ្ញាប្រាប់ឱ្យពួកគេរកកន្លែងពួន និងជួយសម្អាតកន្លែងផឹក ហើយខ្ញុំស្រវាស្ទុះទៅបិទភ្លើង។
«វាទៅណាវា ផ្ទះងងឹតឈឹងអ៊ីចឹង?» ខ្ញុំឮសំឡេងម៉ាក់រអ៊ូ! ហើយប្រហែលជាដៃបង មុំ បើកទ្វារសូក្រាក។ មិនបង្អង់យូរខ្ញុំស្រវាចុចភ្លើងភ្លឺឆ្វាច ស្នូរចម្រៀងបទ «លើលោកនេះខ្ញុំស្រឡាញ់ ម៉ាក់ខ្ញុំជាងគេ» របស់ មាស សុខសោភា ក៏បន្លឺឡើងស្របពេលដែលអំពូលពណ៌ក៏រត់ប្រដេញគ្នា ជះពន្លឺរន្ទាលពេញបន្ទប់បង្ហាញឱ្យឃើញរូបថតម៉ាក់និងកូនៗតាំងពីក្មេងដល់ចាស់បិទតាំងពេញជញ្ជាំងផ្ទះ។
«…លើលោកនេះខ្ញុំស្រឡាញ់ ម៉ាក់របស់ខ្ញុំជាងគេ! សប្បាយចិត្តណាស់ដែលកើតជាកូន ម៉ាក់!…» ខ្ញុំច្រៀងបណ្ដើរ កាន់ទ្រនំខេកមួយដុំដែលរចនាជារូបម៉ាក់បណ្ដើរ ដើរសំដៅទៅរក ម៉ាក់ដែលមានបងមុំនិងប្ដីគាត់កំពុងកាន់ដៃគាត់ទាំងសងដើរចូលក្នុងផ្ទះយឺតៗ។ ក្រុមមិត្តភក្ដិ បងនីរ័ត្ននិងប្ដីគាត់ ក៏នាំគ្នាចេញមកស្រ ទះដៃបន្ទររួចច្រៀងតាមខ្ញុំដែរ។ ខ្ញុំក៏ផ្អាកច្រៀងស្របពេលដែលម៉ាក់លើកដៃជូតទឹកភ្នែកចេញ រួចបងប្អូនពួកយើងក៏និយាយព្រមៗគ្នា។
«រីករាយថ្ងៃនៃក្ដីស្រឡាញ់ម៉ាក់!… សូមម៉ាក់មានសុខភាពល្អជាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់ កូនៗរហូតតទៅ… កូនៗសូមខមាទោសនៅគ្រប់រឿងរ៉ាវមិនល្អទាំងអស់ដែលកូនៗបានសាង»
ម៉ាក់គិតតែយំស្របពេលដែលបងមុំនាំគាត់ទៅអង្គុយលើកៅអីក្បាច់មួយដែលខ្ញុំរៀបចំរួចជាស្រេច។ សម្រាប់ពួកយើងពិតឥតចង់ឃើញចង់យល់នូវទឹកភ្នែកម៉ែមួយតំណក់ណាទេ ប៉ុន្តែផ្ទុយស្រឡះ ទឹកភ្នែកម៉ែនៅពេល នេះប្រៀបដូចជាទឹកអម្រឹតមកប្រោះព្រំ ឬប្រៀបដូចជាភ្លៀងកក់ខែបង្អុរចុះមកផ្សើមព្រលឹងវិញ្ញាណកូនៗឱ្យ លូតលាស់ស្រស់បំព្រងឡើង។ ទឹកភ្នែកម៉ាក់ពេលនេះ ហូរចុះជំនួសវាចារដួងចិត្ត ហូរចុះដោយទឹកចិត្តរំភើបសណ្ដោសប្រោសប្រណី ហូរចុះព្រោះព្រហ្មវិហារធម៌ ហើយក៏ហូរមកលាងជម្រះទោស ពៃរ៍នៃកម្មកាចទាំងឡាយដែលកូនៗបានសាងទៅលើរូបលោក។
មិនបង្អង់យូរពួកយើងនាំគ្នាលុតជង្គង់នៅចំពោះមុខម៉ាក់ រួចខ្ញុំក៏ទាញប្រអប់កាដូធំមួយជូនទៅម៉ាក់ គឺជាប្រអប់ផលិតផលថែរក្សាសុខភាព mosbeau aojiru របស់ជប៉ុន។ ១៤ កុម្ភៈឆ្នាំថ្មី តែក្ដីស្រឡាញ់ចាស់ ខ្ញុំគ្មានបំណងប្រាថ្នាអ្វីក្រៅតែពីឱ្យម៉ាក់មានសុខភាពល្អនោះទេ។ បងមុំ បងនីរ័ត្ន និងប្ដីពួកគាត់ក៏ទាញកាដូម្នាក់មួយចេញមកដែរ ដែលបើតាមខ្ញុំស្មានក៏គ្មានរបស់អ្វីក្រៅតែពីគ្រឿង បំប៉នសុខភាពម៉ាក់នោះទេ។ ម៉ាក់លូកដៃមកកាន់ក្បាលពួកយើងហើយអង្អែលថ្នមៗ រួចមិន ដឹងជាឱ្យធម៌ឱ្យពរអីខ្លះទេ ខ្ញុំស្ដាប់មិនចង់បាន។ ឮតែថា៖
«ឱ! ខែមាន់ជាន់រដូវ (ហេមន្ដសន់រដូវ) កូនចៅធ្វើពិធីយករបស់របរជូនម៉ាក់… សូមឱ្យ កូនស្គាល់តែសុខ ស្គាល់តែសប្បាយ…តទៅ!…»
«សាធុ! សាធុ! សាធុ!» ខ្ញុំអស់សំណើចលាយទឹកភ្នែក…. មិនដឹងជាខែហេមន្តសន់រដូវអីទេម៉ាក់… ថ្ងៃ១៤ កុម្ភៈ សោះហ្នឹងណា៎។
ក្រុមមិត្តភក្ដិខ្ញុំក៏យកកាដូពួកគេមកជូនម៉ាក់ខ្ញុំដែរ…! ហើយពីរបីនាក់ក្នុងចំណោមនោះ គឺទិញផលិតផល mosbeau មកដូចខ្ញុំដែរ។ ក្រៅពីអរគុណក្មេងៗ ម៉ាក់ក៏ធ្លាក់សំណួរមួយទាំងបារម្ភ ចាក់ដោតបេះដូងពួកគេគ្រប់គ្នា។
«ហើយក្មួយៗ នាំគ្នាយករបស់របរមកឱ្យអ៊ំ ចុះប៉ាម៉ាក់ក្មួយ?»
ខ្ញុំឆ្លើយជំនួសពួកគេទាំងច្បាស់ការ។
«ពួកខ្ញុំចែកវេនគ្នាធ្វើបែបនេះណាម៉ាក់… កាលពីចូលឆ្នាំចិនធ្វើឱ្យម៉ាក់អាក្ដឿនរួចហើយ។» ម៉ាក់ ញញឹមហើយលែងសួរនាំ ប៉ុន្តែគាត់លើកដៃជាសញ្ញាឱ្យខ្ញុំទៅយកថង់មួយនៅលើតុក្បែរទ្វារដែលខ្ញុំឃើញបង មុំ យួរមកមុននេះ។ ខ្ញុំទទួលបញ្ជា ហើយស្រវាទាញថង់ដែលមានអក្សរ modestore មកជូនម៉ាក់។ ម៉ាក់ទាញថង់ហើយលើកស្បែកជើងប៉ាតាមួយគូហុចឱ្យខ្ញុំ រួចហុចកាបូបឱ្យបង នីរ័ត្ននិងបងមុំម្នាក់មួយដែរ។
ខ្ញុំឱបស្បែកជើងជាប់នឹងទ្រូងហើយសម្លឹងមុខម៉ាក់ ទឹកភ្នែកពីរដំណក់ក៏ស្រក់ចុះ។ ពុទ្ធោ អើយម៉ាក់!…កូនហៅគូកនមកស៊ីផឹកស្នើឱ្យចេញពីផ្ទះហើយក៏នៅតែមានចិត្តទិញរបស់របរឱ្យកូនៗទៀត។ ទប់អារម្មណ៍មិនបាន ខ្ញុំស្ទុះទៅឱបម៉ាក់ពេញកំសួលនៃចិត្តស្រឡាញ់។ ម៉ាក់…! លើលោកនេះកូនស្រឡាញ់ ម៉ាក់ជាងគេ…៕