ជូនចំពោះប្រពន្ធជាទីស្រឡាញ់!
អូនសម្លាញ់! នេះជាសំបុត្រទីពីរ ដែលបងសរសេរផ្ញើជូនអូន ព្រោះថាក្រោយពីសំបុត្រលើកទីមួយរបស់បងបានផ្ញើជូនទៅ ហាក់ដូចជាបង្ហោះខ្លែងដាច់ខ្សែ៖ គ្មានចម្លើយ គ្មានដំណឹងអ្វីទាំងអស់ ហើយការរង់ចាំមួយរាត្រីរបស់បងប្រៀបដូចមួយសតវត្សរ៍អ៊ីចឹង។ សូមព្រលឹងស្នេហ៍ឆ្លើយតបបងផង! សូមមាសមេ មេត្តាអាណិតចិត្តជ្រួលច្របល់ដោយការទន្ទឹងរង់ចាំនេះផង។ មកដល់ថ្ងៃនេះទើបបងដឹងច្បាស់ថា អារម្មណ៍នៃការរង់ចាំនោះពិតជាតក់ក្រហល់ឡេះឡះយ៉ាងណា។ ថ្ងៃនេះបងយល់ច្បាស់ណាស់ នូវតម្លៃស្នេហ៍ពិត ហើយមិនប្រាថ្នាអ្វីលើសពីស្នេហ៍ស្មោះនោះទេ។ ឥឡូវនេះ បងគ្រាន់តែចង់ឲ្យពន្លកស្នេហ៍ចាស់នៃយើងដុះលាស់សារជាថ្មី។ ចង់ឲ្យកាលវេលានាសម័យសិក្សាឯវិទ្យាល័យត្រលប់មកវិញ។ បងចង់ឲ្យអ្នករត់សំបុត្រស្នេហ៍គ្រាដំបូងរបស់យើងជួយធ្វើជាទូតនាំសារស្នេហ៍បងម្តងទៀត ប៉ុន្តែនេះជាសម័យឌីជីថលទៅហើយ ការស្រមើលស្រមៃរបស់បង គឺគ្រាន់តែជានិន្ទាអារម្មណ៍តែប៉ុណ្ណោះ។ ការមិនឆ្លើយតបរបស់អូនបានធ្វើឲ្យបងមានអារម្មណ៍អន្ទះអន្ទែង ជ្រួលច្រាស់ដូចចាបឈ្មោលជាប់ក្នុងផ្កាឈូកក្នុងរឿងចៅសព្វប្រសិទ្ធដែរ។ សង្ឃឹមថា អូនមិនគិតខ្លីដូចចាបញីទៅចុះ។ អូនសម្លាញ់! បងមិនមែនរស់នៅក្នុងសម័យផ្កាស្រពោននៃយុគ្គសម័យដងប៉ាកការបស់កវីនិពន្ធ នូ ហាចនោះទេ ប៉ុន្តែបើអូននៅតែមិនឆ្លើយតបនោះ បងនឹងសូមដើរតួជាចាបញីក្នុងរឿងចៅសព្វប្រសិទ្ធទៅចុះ ព្រោះថាការធ្វើបែបនេះនៅប្រទេសជប៉ុនមិនមែនជារៀងថ្មីនោះទេ។
ណ្ហើយចុះ! បងសូមផ្ញើជូនចម្រៀងមួយបទជូនដល់អូនដើម្បីស្តាប់កម្សាន្តនាសិសិររដូវនេះ។ ជាចុងក្រោយ សូមអូនជួយមើលថែកូនយើងឲ្យបានល្អផង។ សូមអូន និងកូនជួបតែសេចក្តីសុខ សំណាងល្អ និងសុភមង្គលគ្រប់ទិវារាត្រី៕
ពីប្តីអូន…វិសាល OSAKA, JAPAN
នាំមកជូនដោយ៖ Mosbeau Cambodia
គាំទ្រដោយ៖ modewellness