ជូនចំពោះប្រពន្ធជាទីស្រឡាញ់!
អូនសម្លាញ់នេះជាសំបុត្រទីមួយដែលបងសរសេរផ្ញើជូនអូនចាប់តាំងតែពីបងបានលាចាកពីស្រុកកំណើតមកប្រកបកិច្ចការនៅទីនេះ។ បងសូមទោសដែលមិនបានជូនពរអូននាថ្ងៃកំណើតកាលពីម្សិលមិញ។ បងសែនសោកស្តាយជាទីបំផុតចំពោះការមើលរំលងថ្ងៃដ៏សំខាន់សម្រាប់ជីវិតអូន។ ពេលបងបើក Facebook ម្តងៗ ឃើញគេជូនបាច់ផ្កា ធ្វើពិធីខួបកំណើតជូនភរិយាគេយ៉ាងកក់ក្តៅ និងសប្បាយអឺងកងដែលផ្ទុយស្រឡះពីបងនិងគ្រួសារយើង។ ឥឡូវនេះ បងសែនសោកស្តាយដោយបងទើបតែយល់ថាអ្វីទៅជារូបមន្តផ្សំដ៏ស័ក្កិសិទ្ធិនៃសុភមង្គលគ្រួសារ។ កាលពីបងនៅក្បែរអូននិងកូន បងបានចំណាយពេលដ៏ច្រើនលើសលប់ថេកឃែ (Take care) កែវស្រា និងក្បាលមេក្រូហ្វូនក្នុងបន្ទប់ KTV។ ពេលនេះបងត្រូវរស់នៅឆ្ងាយពីផ្ទះ ហើយពឹងលើខ្លួងឯងទាំងស្រុង ទើបបងដឹងច្បាស់ថាអូនពិតជាម្តាយនិងភរិយាដៃមួយរយប្រាកដមែន៖ ទាំងកិច្ចការផ្ទះសំបែង ទាំងការដាំស្ល ការមើលថែបងនិងកូន រួមទាំងឪពុកម្តាយជរារបស់បងទៀតផង។ ជាពិសេសអូនចេះទុកដាក់លុយកាក់ផ្គត់ផ្គង់គ្រួសារ ទោះបីជាបងមិនដែលផ្តល់ប្រាក់ខែជូនអូនគ្រប់ចំនួនក៏ដោយចុះ ប៉ុន្តែអ្វីដែលបងទទួលបានពីអូនគឺស្នាមញញឹមដ៏កក់ក្តៅ និងក្តីស្រឡាញ់ដែលគ្មានចិត្តវៀចវេរ។ ដូចបទចម្រៀងដែលច្រៀដោយលោក នី រតនា៖ «ប្រពន្ធអូនលំបាកហើយ»។
ដល់ត្រឹមនេះបងនឹកឃើញរាត្រីមួយពេលដែលបងចេញពី KTV ឯត្រើយម្ខាង ហើយស្រវឹងជោក ពេលនោះម៉ោងហៀបនឹងភ្លឺទៅហើយ អូនបានអង្គុយចាំបើកទ្វារឲ្យបង បងខឹងខ្លាំងណាស់ព្រោះចំហាយភ្លើតភ្លើនរបស់បងនៅក្នុងបន្ទប់ KTV មិនទាន់អស់កំសួលនៅឡើយ។ បងបានស្រែកគំហុកឲ្យអូនថាធុញណាស់! ថ្ងៃក្រោយទើបលោកប៉ាប្រាប់បងថាថ្ងៃនោះនៅម្តុំផ្ទះយើងមានចោរតាមប្លន់អ្នកដើរលេងយប់ ទើបអូនព្រួយបារម្ភហើយបានអង្គុយចាំបើកទ្វារឲ្យបងទាំងមិនគិតពីសុវត្ថិភាពខ្លួនឯង។ ក្រោយពីបងបានដឹងរឿងនោះមក វប្បដិសារីបានចាក់ស្រេះពេញឱរា ព្រោះតែអ្វីដែលបងបានឮពីមាត់របស់អូនពេលនោះគឺ៖ បងហ្ហា៎! កុំនិយាយឮពេកប្រយ័ត្នភ្ញាក់កូននិងម៉ាក់ប៉ា។ តោះយើងឡើងទៅសម្រាកប្រយ័ត្នឈឺ! សម្តីរបស់អូនបានក្លាយជាឱសថនិងសារដាស់សតិ បងឲ្យភ្ញាក់ក្រញាងឡើងនាថ្ងៃនេះ។
បងសូមស្នេហ៍អូនសារជាថ្មី សុំចាប់ផ្តើមពន្លកមនោសញ្ចេតនា ទុកជាការប៉ះប៉ូវចំពោះពេលវេលាកន្លងដែលបងមិនបានមើលថែអូន សូមឲ្យពន្លកស្នេហ៌លាស់ថ្មីនេះពោរពេញទៅដោយភក្តីភាព ផ្អែមល្ហែម និងស្ថិតនៅជាអមតៈ។
ថ្វីបើ ថ្ងៃកំណើតអូនរំលងផុតទៅក្តី តែបងសូមផ្ញើកាដូទុកជាសក្ខីភាពស្នេហ៍ពន្លកថ្មីនៃយើងជូនអូន ហើយ បងសន្យាថានឹងវិលវិញឆាប់ៗដូចទំនួញរបស់លោក ព្រាប សុវត្តិ៖ Back Home
Happy belated birthday my honey Nimol
ពីប្តីរបស់អូន វិសាល
OSAKA, JAPAN
នាំមកជូនដោយ៖ Mosbeau Cambodia
គាំទ្រដោយ៖ modewellness