ក្នុងកាលៈទេសៈដែលវីរុស Covid19 កំពុងវាយលុក ដែលតួលេខនៃការឆ្លងកើនឡើងជាលំដាប់គួរឱ្យ បារម្ភនេះ បុគ្គលម្នាក់ៗក្រៅពីខំការពារពីការឆ្លងនិងអនុវត្តវិធីសាស្រ្តផ្សេងៗទប់ទល់នឹងការចម្លងដូច ដែលក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកបានណែនាំហើយនោះ យើងក៏អាចចែក រំលែកសេចក្ដីស្រឡាញ់រវាងគ្នានឹងគ្នាដូចខាងក្រោម ៖
១/ ចែករំលែកព័ត៌មានពិតនិងច្បាស់ការ៖ ក្នុងកាលៈទេសៈនេះ ម្នាក់ៗច្បាស់ជាមានអារម្មណ៍ជ្រួល ច្របល់ ខ្វល់ខ្វាយ បារម្ភពីសុខភាពខ្លួនឯងនិងអ្នកដទៃ។ ប្រការនេះ ការមិនជឿទុកចិត្តព័ត៌មាន គ្រប់មជ្ឈដ្ឋាន ហើយផ្ដោតនិងចែករំលែកតែប្រភពព័ត៌មានច្បាស់ការដែលចេញពីក្រសួងសុខាភិបាល ឬចេញពីអង្គការសុខភាពពិភពលោក គឺជាកត្តាវិជ្ជមានជួយកាត់បន្ថយសំពាធផ្លូវចិត្តសម្រាប់យើងម្នាក់ៗ ផងដែរ។
២/ ផ្ដល់ជាសម្ភារការពារផ្សេងៗ៖ មានវិធីសាស្រ្តជាច្រើនដែលអាចកាត់បន្ថយការចម្លងវីរុស Covid 19 ដូចជា ការលាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុលឬជែលដែលមានសមត្ថភាពកម្ចាច់មេរោគឱ្យបានញឹកញាប់។ ការពារដោយបាញ់ស្ព្រាយ ឬជូតដោយក្រដាសសើមកម្ចាត់មេរោគនិងបាក់តេរីដែលទំជាប់នឹងរបស់របរប្រើប្រាស់ផ្សេងៗ។ ការពារខ្លួនរបស់យើងម្នាក់ៗនិងផ្ដល់ជាសម្ភារកម្ចាត់មេរោគ ដែលមានគុណភាពខ្ពស់ដល់មនុស្សជាទីស្រឡាញ់ គឺជាការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងកាលៈទេសៈនេះ។
៣/ ការលើកទឹកចិត្ត៖ វីរុសរាតត្បាតកំពុងវាយលុក អ្នកណាៗក៏ខ្វល់ខ្វាយពីរឿងនេះដែរ ប៉ុន្តែការលើក ទឹកចិត្ត ផ្ដល់កម្លាំងចិត្តឱ្យគ្នា និងស្វែងរកវិធីសាស្រ្តផ្សេងប្រកបដោយភាពឆ្លាតវៃ ដើម្បីទប់ទល់ជាមួយ វីរុសនេះគឺជាអ្វីដែលយើងគួរតែធ្វើ៕