វិធី​សាស្ត្រ​ផ្តាច់​បារី​ដ៏មាន​ប្រសិទ្ធិ​ភាព​តាំង​ពី​ថ្ងៃ​ដំបូង

ដូចយើងទាំងអស់គ្នាបានដឹងហើយថាបារីជាសារធាតុញៀនស្របច្បាប់មួយប្រភេទ ដែលត្រូវបានចរាចរយ៉ាងសម្បើមជារៀងរាល់ថ្ងៃនៅទូទាំងពិភពលោក។ បើយោងតាមការចេញផ្សាយរបស់ CNN បានបង្ហាញថា មានមនុស្ស៥លានអ្នកស្លាប់ក្នុងមួយឆ្នាំៗ ដោយសារការជក់បារី។ ជាទូទៅ អ្នកជក់បារីតែងតែមានបញ្ហាសុខភាពជាច្រើនដូចជា មានក្លិនមាត់ និងក្លិនខ្លួនមិនល្អ មានធ្មេញលឿង ក្រចកដៃប្រែទៅជាខ្មៅ មានជំងឺសើស្បែក និងបង្កឲ្យមានជំងឺមហារីកសួត មហារីកបំពង់ក ដាច់សរសៃឈាមខួរក្បាល ព្រមទាំងជំងឺកាចសាហាវជាច្រើនមុខទៀត។

តើអ្នកកំពុងញៀនបារីហើយចង់ផ្ដាច់បារីមែនទេ? ថ្ងៃនេះ Mode Asia សូមលើកយកនូវ៦ចំណុចដូចខាងក្រោមដែលអ្នកអាចធ្វើការផ្ដាច់បារីបានដោយខ្លួនឯង។

១. ផ្លាស់ប្តូររបៀបហូបចុក
ការផឹកទឹកត្រជាក់តាមរយៈបំពង់ប៊ឺត អាចជួយជំនួសការជក់បារីបាន។ វាអាចបញ្ចេញសារធាតុdopamine ដែលជាសារធាតុជួយខួរក្បាលឲ្យបន្ធូរអារម្មណ៍មិនល្អបានផងដែរ។
ញ៉ាំអាហារតិចតួចនៅពេលអ្នកអ្នកមានអារម្មណ៍ថាជូរមាត់ ការធ្វើបែបនេះក៏អាចជួយអោយអ្នកភ្លេចការជក់បារីផងដែរ។ ជ្រើសរើសអាហារដែលល្អសម្រាប់សុខភាពដូចជា បន្លែ និង ផ្លែឈើជាដើម ដើម្បីជៀសវាងការឡើងទម្ងន់ផងដែរ។

២. កត់ចំណាំផលចំណេញដែលអ្នកទទួលបានពីការឈប់ជក់បារី
មិនយូរនោះេទអ្នកនឹងអាចរីករាយជាមួយនឹងអត្ថប្រយោជន៍ជាច្រើនដោយសារការមិនជក់បារី។ ចូររក្សានូវទម្លាប់ដ៏ល្អមួយនេះ ចូររំលឹកខ្លួនឯងជានិច្ចថា ការឈប់ជក់បារីអាច៖ ធ្វើឲ្យយើងមិនខ្ជះខ្ជាយថវិកា មិនមានធុំក្លិនមាត់ និងក្លិនខ្លួន ញ៉ាំអាហារកាន់តែមានរសជាតិឆ្ងាញ់ ព្រមទាំងមានភាពស្វាហាប់ថែមទៀតផង។

៣. ដុសធ្មេញរបស់អ្នកអោយបានញឹកញាប់
គ្រាន់តែឈប់ពីការជក់បារីភ្លាមគឺថាធ្វើអោយមាត់រស់អ្នកមានក្លិនប្រសើជាងមុនបាត់ទៅហើយ តែក្លិនមាត់របស់អ្នកនឹងមិនទាន់វិលមករកសភាពដើមទាំងស្រុងនៅឡើយ វាទាមទារឲ្យអ្នកដែលកំពុងព្យាយាមផ្ដាច់បារីដុសធ្មេញឲ្យបានញឹកញាប់យ៉ាងតិចបំផុតក៏៣ដងក្នុងមួយថ្ងៃដែរ។

៤. ជៀសវាងនូវការទទួលទានស្រា
ប្រសិនបើអ្នកផឹកស្រវឹងជាការពិតណាស់អ្នកនឹងវិលទៅរកការជក់បារីដោយមិនដឹងខ្លួនព្រោះពេលផឹកស្រវឹងអ្នកនឹងបាត់បង់វិចារណញ្ញាណនឹងការតាំងចិត្ត និយាយអោយចំទៅកុំថាឡើយការតាំងចិត្ត សូម្បីតែដើរក៏អ្នកដើរមិនត្រង់ផ្លូវផង។

៥. ស្វែងរកតំបន់ដែលគ្មានអ្នកជក់បារី
បើសិនជាអាចសូមទៅឲ្យឆ្ងាយ ឬដើរចេញនៅពេលដែលឃើញមានគេជក់បារីនៅនឹងមុខអ្នក វាក៏អាចធ្វើឲ្យអ្នកបាត់បង់ការតាំងចិត្តហើយវិលទៅជក់បារីវិញភ្លាម។ អ្នកអាចគេចចេញទៅកន្លែងណាមួយដែលអ្នកមិនអាចជក់បារីបានដូចជា៖ បណ្ណាល័យ រោងកុន ផ្សារទំនើប និងហាងលក់ទំនិញជាដើម។

៦. ចងចាំនូវមូលហេតុថា តើហេតុអ្វីបានជាអ្នកចង់ផ្ដាច់បារី?
សូមកត់ត្រានូវមូលហេតុទាំងអស់ ដើម្បីបញ្ឈប់ការជក់បារី។ ដាក់វានៅគ្រប់ទីកន្លែងដែលអ្នកអាចមើលឃើញបានគ្រប់ពេលដូចជា៖ នៅក្នុងផ្ទះបាយ នៅកន្លែងធ្វើការ ក្បែរកញ្ចក់បន្ទប់ទឹក ជាដើម។ អ្នកជក់បារីមួយចំនួនបាននិយាយថា ពួកគេបានដាក់រូបថតគ្រួសារ និងមនុស្សជាទីស្រឡាញ់របស់ពួកគេ ដើម្បីជាហេតុផលឲ្យពួកគេត្រូវតែផ្ដាច់បារី។

You may also like

Popular News