perfume-791698

6 ទិច​និក ដើម្បី​​ទឹក​​អប់​​មាន​​ក្លិន​​ក្រអូប​​ឈ្ងុយ​​ឈ្ងប់​​ជាប់​បាន​​យូរ

អ្នក​អាច​នឹង​មាន​ក្លិន​ទឹក​អប់​ណា​មួយ​ដែល​ជា​ចំណូល​ចិត្តរបស់អ្នក ប៉ុន្តែ​អ្នក​នឹង​ពិបាក​ក្នុង​ការរក្សា​ក្លិននោះ​ឲ្យ​ជាប់​នឹង​ខ្លួន​របស់​អ្នក​បាន​យូរ។ ក្រៅពីការជ្រើសរើសយកទឹកអប់ដែលមានគុណភាពល្អ ផលិតផលសុទ្ធ អ្នកគួរអនុវត្ត 6 ទិចនិកខាងក្រោម ក្នុងការរក្សាក្លិនទឹកអប់ឲ្យក្រអូបប្រហើរជាប់នឹងខ្លួនអ្នកបានពេញមួយថ្ងៃ ទោះបីមានកិច្ចការរវល់យ៉ាងណាក៏ដោយ។

 

  1. ប្រើទឹកអប់មុនពេលស្លៀកសម្លៀកបំពាក់

ទឹកអប់អាចនឹងធ្វើឲ្យមានស្នាមជាប់លើសម្លៀកបំពាក់របស់អ្នក ដូច្នេះ ការបាញ់​ ឬលាបទឹកអប់មុនពេលស្លៀកសម្លៀកបំពាក់គឺជារឿងដែលអ្នកគួរធ្វើ ម្យ៉ាងនៅពេលដែលក្លិនទឹកអប់ប៉ះជាមួយចំហាយខ្លួនរបស់អ្នក វានឹងធ្វើឲ្យក្លិនទឹកអប់ជាប់បានយូរផងដែរ។

 

  1. បាញ់ ឬលាប?

ពេលខ្លះ ការលាបទឹកអប់ផ្ទាល់នៅលើស្បែករបស់អ្នក អាចធ្វើឲ្យក្លិនមានការទឹកអប់មានការប្រែប្រួល ដូច្នេះ អ្នកគួរបាញ់ទឹកអប់ក្នុងចម្ងាយពី 15 ទៅ 25 សង់ទីម៉ែត្រ ពីស្បែករបស់អ្នក ទើបអាចរក្សាក្លិនដើមបានល្អ និងជាប់បានយូរ។

 

  1. ទីតាំងណាខ្លះដែលត្រូវបាញ់?

ចំណុចដែលល្អបំផុតគឺនៅចំណុចជីពចររបស់អ្នក ដែលជាកន្លែងដែលសសៃឈាមរត់កាត់ច្រើនបំផុត និងនៅក្រោយត្រចៀក បំពង់ក ជុំវិញចង្កេះ នៅកែងជើង និងក្រោយជង្គង់របស់អ្នក ក៏អាចធ្វើឲ្យក្លិនទឹកអប់ជាប់បានយូរផងដែរ។​

 

  1. ប្រើក្រែមផ្តល់សំណើម មុនបាញ់ទឹកអប់ បានដែរទេ?

ប្រសិនបើស្បែករបស់អ្នកសម្បូរជាតិប្រេង វាអាចនឹងផ្តល់ការរំខាន ប៉ុន្តែ អ្នកគួរដឹងថា ស្បែកដែលសម្បូរជាតិប្រេង ឬសំណើម ងាយក្នុងការធ្វើឲ្យទឹកអប់ជាប់ក្លិនបានយូរ។ ដូច្នេះ ប្រសិនបើអ្នកមានស្បែកស្ងួតខ្លាំង អ្នកអាចប្រើក្រែមផ្តល់សំណើមដល់ស្បែក មុននឹងបាញ់ទឹកអប់ នោះនឹងធ្វើឲ្យទឹកអប់របស់អ្នកជាប់ក្លិនបានយូរផងដែរ។

 

  1. បាញ់ទឹកអប់នៅលើក្រាសសិតសក់?

ចំណុចពិសេសមួយទៀតដែលអាចឲ្យអ្នករក្សាក្លិនទឹកអប់ជាប់បានយូរនោះគឺ បាញ់វាតែបន្តិចនៅលើក្រាសសិតសក់របស់អ្នក ហើយសិតវា នោះរាល់ពេលដែលអ្នកធ្វើដំណើរទៅណាមកណាក្លិនទឹកអប់នឹងសាយភាយទាក់ទាញអារម្មណ៍អ្នកក្បែរខ្លួនអ្នកជាក់មិនខាន។

 

  1. ទីតាំងរក្សាគុណភាពទឹកអប់

ជានិច្ចជាកាល អ្នកគួរទុកទឹកអប់ក្នុងកន្លែងត្រជាក់និងស្ងួត ជៀសវាងការទុកប៉ះនឹងកំដៅថ្ងៃ និងត្រូវរក្សាទុកក្នុងដបបាញ់ដែលជិតល្អ ដើម្បីជៀសវាងការហួត ឬប្រតិកម្មគីមីរវាងទឹកអប់ប៉ះជាមួយនឹងខ្យល់។

You may also like

Popular News