មានដឹងអត់អ្នកអង្គុយធ្វើការនៅមុខកុំព្យូទ័រយូរ ធ្វើឲ្យកើតជំងឺច្រើនមុខណាស់

មានការងារជាច្រើនដែលតម្រូវឲ្យអ្នកអង្គុយធ្វើការយូរនៅពីមុខអេក្រង់កុំព្យូទ័រជាពិសេសការងារនៅក្នុងការិយាល័យនេះតែម្ដង។ វាជាការងារដែលប្រើខួរក្បាលព្រមទាំងប្រើកម្លាំងតិចតួចបំផុត។ តើអ្នកមានដឹងទេ? ការអង្គុយយូរពេញមួយថ្ងៃបែបនេះអាចមានផងប៉ះពាល់ច្រើនខ្លាំងណាស់ដល់សុខភាពរបស់អ្នកទាំងផ្លូវកាយនឹងផ្លូវចិត្ត ដូច្នេះ​ហើយ​បាន​​ជា​អ្នក​វិទ្យាសាស្ត្រ​ព្រម​ទាំង​អ្នក​ជំនាញ​ផ្នែក​​សុខភាព បាន​ហាមប្រាម​កុំ​ឲ្យ​អង្គុយ​យូរ​ពេក ដើម្បី​ជៀស​វាង​កើត​ជំងឺ​ដូច​ខាង​ក្រោម​នេះ ហើយជំងឺទាំងអស់នោះមានដូចជា៖

១. មានភាពស្ពឹក​ស្រពន់

​អង្គុយ​នៅពីមុខកុំព្យូទ័រយូរ​មិន​ត្រឹមតែ​​ស្ពឹក​​ស្រពន់​ដល់​រាងកាយ​របស់អ្នកប៉ុណ្ណោះ​ទេ ថែម​ទាំង​ធ្វើ​ឲ្យ​​សុខភាព​មាន​បញ្ហា​នៅ​ថ្ងៃក្រោយថែមទៀតផង។​

២. ជំងឺស្រ្តេសនឹងជំងឺផ្លូវចិត្ត
វានឹងមិនអាចជៀសផុតនោះទេហើយវានឹងបំផ្លាញអារម្មណ៍អ្នក ហើយធ្វើឲ្យអ្នកស្មុគស្មាញគិតច្រើន បាត់បង់នូវការផ្តោតសំខាន់ទៅលើកិច្ចការផ្សេងៗ និងអាចនាំឲ្យអ្នកមានបញ្ហាផ្លូវចិត្តថែមទៀតផង។

៣. ភាពធាត់លឿនជាងធម្មតា
អង្គុយរាប់ម៉ោងរឿងអីដែលថាមិនប៉ះពាល់ដល់សុខភាព? ព្រោះរាងកាយមិនបានបញ្ចេញថាមពល ហើយសាច់ដុំក៏មិនមានដំណើរការល្អ ដែលជាហេតុធ្វើឲ្យ រាងកាយមិនអាចដុតបំផ្លាញជាតិកាឡូរី។ ដូច្នេះគួរងើបពីកៅអីឲ្យបាន ៥ នាទីជាញឹកញាប់(បើសិនជាអាច៣០នាទីម្ដង) សឹមត្រលប់មកធ្វើការវិញទើបល្អ។

៤. ប្រព័ន្ធរំលាយអាហារមានបញ្ហា
អង្គុយយូរពេកនឹងផ្តល់សម្ពាធដល់ក្រពះយ៉ាងខ្លាំង ធ្វើឲ្យការកិនរំលាយអាហារមានភាពយឺតយ៉ាវ ហើយអាចទល់លាមក ជាពិសេសពោះវៀនក៏ពិបាកដំណើរការជាងមុនដែរ។

៥. ខួរក្បាលចុះខ្សោយ
ខួរក្បាល ចុះខ្សោយដោយសារ មិនទទួលបាននូវការផ្គត់ផ្គង់ឈាម និងអុកស៊ីសែនគ្រប់គ្រាន់ សម្រាប់បណ្តេញជាតិពុលនៅក្នុងរាងកាយរបស់យើង។

៦. កើនឡើងជាតិកូលេស្តរ៉ូល
បន្ទាប់ពីអ្នកធ្វើការបានមួយឆ្នាំ ជាតិកូលេស្តរ៉ូល នៅក្នុងរាងកាយនឹងកើនឡើង គួរឲ្យកត់សម្គាល់ ព្រោះការអង្គុយយូរធ្វើឲ្យប៉ះពាល់ដល់មុខងារនៃការរំលាយអាហារ និងកាត់បន្ថយបម្រែបម្រួលអាំងស៊ុយលីន។

៧. ឈឺរោយនៅលើរាងកាយ
ជំងឺនេះវាមិនបានកើតឡើងភ្លាមៗនោះទេ ប៉ុន្តែអ្នកនឹងឃើញលទ្ធផលនៅក្នុងរយៈពេលមួយឆ្នាំទៅខាងមុខ ដូចជាអាការៈឈឺក ស្មា ឬឈឺឆ្អឹងខ្នង ព្រោះវាបានទ្រាំទ្រនឹងរាងកាយទាំងមូលពេលដែលអ្នកអង្គុយយូរ។

៨. មហារីក
ជាពិសេសសម្រាប់ស្រ្តី ហើយងាយកើតជំងឺមហារីកសុដន់ មាត់ស្បូន និងពោះវៀនបំផុត ព្រោះរាងកាយមិនសូវបានបញ្ចេញសកម្មភាព ធ្វើឲ្យការប្រឆាំងអុកស៊ីតកម្មថយចុះ អាំងស៊ុយលីនផលិតតិចជាងធម្មតា ដែលអាចបង្កឲ្យមានកោសិកាមិនល្អ និងបណ្តាលឲ្យកើតមហារីក។ដូច្នេះហើយបានជាអ្នកត្រូវឧស្សាហ៍ ងើបពីកៅអីខ្លះ។

៩. ទឹកនោមផ្អែម
ទឹកនោមផ្អែមជាជំងឺដែលអាចឆក់យក អាយុជីវិតរបស់មនុស្សច្រើនជាងគេ នៅលើពិភពលោក។ ពេលអ្នកអង្គុយ លំពែងនឹងចុះខ្សោយ ហើយផលិតអាំងស៊ុយលីនតិចជាងមុន ធ្វើឲ្យជាតិស្ករនៅក្នុងរាងកាយកើនឡើង។ បើអ្នកមានសកម្មភាពបែបនេះដដែលៗរៀងរាល់ថ្ងៃ អត្រានៃការកើតជំងឺទឹកនោមផ្អែម កាន់តែកើនឡើង។

១០. គាំងបេះដូង
ពេលអ្នកអង្គុយយូរ ប្រព័ន្ធរំលាយអាហារនឹងដំណើរការយឺតជាងមុន ចលនាឈាមក៏ថយចុះធ្វើឲ្យឈាមរត់យឺតទៅកាន់សាច់ដុំ ដែលពិបាកក្នុងការដុតបំផ្លាញកាឡូរីនៅក្នុងរាងកាយ។ ជាតិខ្លាញ់ ធ្វើឲ្យសាច់ដុំ និងចរន្តឈាមរាំងស្ទះ ពេលដែលជាតិខ្លាញ់កាន់តែច្រើនឡើងៗ ជាហេតុអាចបង្កឲ្យគាំងបេះដូង ជាពិសេសសម្រាប់អ្នកដែលអង្គុយធ្វើការលើសពី ១០ ម៉ោងក្នុងមួយថ្ងៃ។

ប៉ុន្តែបើអ្នកទាំងអស់គ្នាចង់ជៀសផុតពីបញ្ហាដែលបានរៀបរាប់ទាំងអស់នៅខាងលើនេះនេះ អ្នកត្រូវខំផឹកទឹកឲ្យបានច្រើន(២ទៅ៣លីត្រក្នុងមួយ) វាល្អទាំងសុខភាព ហើយអាចជំរុញឲ្យអ្នកងើបទៅចូលបន្ទប់ទឹកញឹកញាប់ផងដែរ។ ម្យ៉ាងទៀតដើម្បីទប់ស្កាត់ កុំឲ្យកើតជំងឺផ្សេងៗដោយសារការអង្គុយយូរ បើសិនជាអាចអ្នកគួរក្រោកឈរ រាល់ ៣០ នាទីម្តង៕

You may also like

Popular News