ញ៉ាំអាហារសម្រន់ពេលយប់បែបណា ទើបមិនប៉ះពាល់ដល់សុខភាព?

ដូចជាយប់រាងជ្រៅបន្តិចទៅហើយប៉ុន្តែអ្នកនៅតែមានអារម្មណ៍ថាឃ្លានទៀត នេះប្រហែលជានៅពេលល្ងាចអ្នករវល់ខ្លាំងពេកហើយត្រឡប់មកផ្ទះយឺតហើយមិនបានញ៉ាំអាហារ ឬមួយក៏យប់កណ្ដាលអធ្រាត្រហើយអ្នកនៅតែគេងមិនលក់ហើយមើលទៅ។ ដូច្នេះហើយថ្ងៃនេះ Mode Asia សូមណែនាំនូវគំនិតខ្លះៗក្នុងការធ្វើអាហារសម្រន់ងាយៗសម្រាប់ញ៉ាំភ្លាមៗ នៅពេលដែលអ្នកមានអារម្មណ៍ថាឃ្លាននៅពេលយប់ជ្រៅ។ អាហារសម្រន់ទាំង៨នេះរួមមាន៖

១. គ្រាប់ធញ្ញជាតិនិងទឹកដោះគោ

ពេលរាត្រីគឺជាពេលល្អឥតខ្ចោះសម្រាប់ញ៉ាំអាហារប្រភេទនេះព្រោះវាមានជាតិកាបូអ៊ីដ្រាតច្រើនដែលងាយរំលាយ។ លើសពីនេះទៅទៀតវាមានជាតិប្រូតេអ៊ីន សារធាតុរ៉ែ និងជាតិកាកសរសៃតិចតួច។
នៅពេលញ៉ាំអ្នកគួរបន្ថែមទឹកដោះគោ ឬ ទឹកដោះគោអាល់ម៉ុនឬទឹកដោះគោអង្ករបន្តិច ដើម្បីឲ្យអាហារសម្រន់របស់អ្នកកាន់តែមានរសជាតិឆ្ងាញ់។

២. ផ្លែប៊ឺរី

ប៊ឺរីគឺជាអាហារដែលមានជីវជាតិច្រើនបំផុតដែលអ្នកអាចរកបានយ៉ាងងាយនៅតាមទីផ្សារ។ វាផ្ទុកនូវវីតាមីន សារធាតុរ៉ែ និងសារធាតុប្រឆាំងអុកស៊ីតកម្មដែលផ្តល់អត្ថប្រយោជន៍ដល់សុខភាព ព្រមទាំងមានរសជាតិឆ្ងាញ់ទៀតផង។

៣. ប៊័រសណ្តែកដី និងសាំងវិចដាក់ចាហួយ

អ្នកនឹងមានមានអារម្មណ៍ថាអ្នកនឹងត្រឡប់ទៅវ័យកុមារម្ដងទៀតនៅពេលដែលអ្នកញ៉ាំវា។ ប៉ុន្តែអ្នកអាចនឹងមិនដឹងទេថាហេតុអ្វីបានជាក្មេងៗញ៉ាំអាហារទាំងនេះបាន? ចម្លើយនោះគឺមកពីអាហារទាំងអស់នេះទន់ ហើយងាយស្រួលរំលាយ ដូច្នេះហើយទោះបីជាអ្នកញ៉ាំយប់ជ្រៅយ៉ាងណាក៏មិនបារម្ភរឿងប៉ះពាល់ដល់សុខភាពដែរ។

៤. ឈីសនិងនំកែកឃឺ

ខាងក្រោមនេះជាគំនិតអាហារសម្រន់ដ៏ឈ្ងុយឆ្ងាញ់សម្រាប់អ្នក។ ក្រឡុកឈីសមួយចំនួនជាមួយនំកែកឃឺ។ ឈីសគឺជាប្រភពដ៏អស្ចារ្យមួយនៃជាតិកាល់ស្យូមហើយនំកែកឃឺក៏បានផ្តល់នូវជាតិសរសៃបន្ថែមផងដែរ។​ប្រសិនបើអ្នកកំពុងតែថែរាង សូមកុំញ៉ាំវាច្រើនហួសហេតុពេក  ព្រោះអាហារប្រភេទនេះសម្បូរដោយជាតិកាឡូរី អាចនឹងបណ្តាលឲ្យអ្នកធាត់បាន។ ជាការល្អកុំភ្លេចថែមទំពាំងបាយជូរ និងផ្លែប៉ោមបន្តិចផងណា។

៥. យ៉ាអួ និងទឹកដោះគោ

យ៉ាអួគឺជាប្រភពល្អបំផុតនៃកាល់ស្យូមប្រូតេអ៊ីន និងបាក់តេរីប្រូបៃអូទិក ដែលល្អសម្រាប់ប្រព័ន្ធរំលាយអាហាររបស់អ្នក។ យកយ៉ាអួធម្មតាលាយជាមួយផ្លែឈើដែលអ្នកចូលចិត្ត និងទឹកឃ្មុំបន្តិចជាការស្រេច។

៦. សាំងវិចទួគី

នំសាំងវិចដែលមាននំបុ័ងជាប់ជាមួយគ្រាប់ធញ្ញជាតិបន្តិចបន្តួច នឹងអាចបំពេញក្រពះរបស់អ្នកដោយមិនធ្វើឱ្យអ្នកមានអារម្មណ៍ថាមិនស្រួលឡើយ។ នេះដោយសារតែនៅក្នុងសាំងវិចទួគីនេះ បានរួមបញ្ចូលរវាងជាតិប្រូតេអ៊ីន ជាតិកាកសរសៃ និងរឹតតែឆ្ងាញ់ ប្រសិនបើអ្នកបន្ថែមប៉េងប៉ោះនិងសាឡាត់បន្តិច ។

៧. បន្លែស្រស់ៗ

មានដឹងទេថាបន្លែស្រស់ក៏ជាអាហារសម្រន់ពេលយប់ដ៏ល្អមួយដែរ វាមិនត្រឹមតែអាចចំអែតក្រពះប៉ុណ្ណោះទេ ថែមទាំងមានផ្ទុកទៅដោយជាតិកាកសរសៃ វីតាមីន និង សារធាតុរ៉ែ ដែលអាចជាអាហារសម្រន់ពេលយប់ដ៏ល្អបំផុតមួយ។

៨. ពោត​លីង

វាមិនគ្រាន់តែជាអាហារសម្រន់នៅក្នុងរោងភាពយន្តប៉ុណ្ណោះទេ វាក៏អាចជាអាហារសម្រន់ពេលយប់ដ៏ឆ្ងាញ់ពិសាទៀតផង ហើយវាមានផ្ទុកនូវជាតិកាកសរសៃ និងកាឡូរីទាប។

You may also like

Popular News